(ភ្នំពេញ) តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទសឡាវ រយៈពេល២ថ្ងៃ ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការ អន្តរជាតិ។
បើតាមផេកហ្វេសប៊ុក សម្តេចតេជោ បានថ្លែងថា “នៅថ្ងៃ៥ធ្នូ នេះ ខ្ញុំទៅបំពេញទស្សនកិច្ច២ថ្ងៃនៅប្រទេសឡាវ តាមការអញ្ជើញរបស់ ឯឧ ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ខ្ញុំមានគម្រោងនឹងជួបជាមួយ ឯឧ ប៊ុនញ៉ាំង វរជីត ប្រធានរដ្ឋឡាវ, លោកស្រី ប៉ានី យ៉ាថទូ ប្រធានរដ្ឋសភាជាតិឡាវ និងនាយករដ្ឋមន្រ្តីឡាវ ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរ។ ទន្ទឹមនឹងនោះ ក៏នឹងមានការពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាមួយចំនួនដែលជាកង្វល់រួមនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា”។
ក្រសួងការបរទេស និងសហប្រតិបត្ដិការ បានបញ្ជាក់ថា ក្នុងនោះ មានការអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្ថិធម៌ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមថា ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងលូន ស៊ីសូលីត ដើម្បីពិភាក្សារិះរកលទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ ដើម្បីនាំមកនូវផលប្រយោជន៍ ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ក្រសួងការបរទេស បានបន្ដទៀតថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដាក់កម្រងផ្កា នៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលី៕